Breaking News
September 1, 2017 - អារម្មណ៍ពិត របស់កូនប្រុសពៅរបស់នាយ ក្រឹម ក្រោយឪពុកចេញពីផ្ទះតាមប្រពន្ធក្មេង!
August 28, 2017 - រក​ឃើញ​ឃាតករ​ហើយ មិនមែន​ចោរប្លន់​ទេ តាម​ពិត​គឺ​…
August 28, 2017 - សាររបស់ ខៀវ សានសាណា ក្រោយបងប្រុសនាង បាញ់សម្លាប់ភរិយា និងសម្លាប់ខ្លួនឯងតាមក្រោយ!
August 27, 2017 - មិនសរសើរមិនបាន!​ ទោះភ្លៀងយ៉ាងណា ក៏ឆន សុវណ្ណរាជ នៅតែបន្តច្រៀងលើឆាកទាំងសើមជោគ!
August 27, 2017 - ប្រហោងពោះអស់! រូបមួយសន្លឹករបស់ Yaya មើលមួយភ្លែត ស្មានតែស្រាត!
August 26, 2017 - សមត្ថកិច្ច​ប្រមូល​ស្ទាវ​សម្ងំ​ឱបរឹត​គ្នា​បាន​ជាង​៤០​នាក់
August 26, 2017 - មកស្គាល់ម្តាយ របស់តារាប្រុសស្រីល្បីៗទាំងនេះ សម្រស់មិនចាញ់កូនៗប៉ុន្មានទេ!
August 25, 2017 - អ្នកគាំទ្រ កំពុងតែភ្ញាក់ផ្អើល ពេលឃើញ គង់ សុជាតិ និងស្វាមី ជិះសុទ្ធឡានទំនើបម្នាក់មួយ!
August 25, 2017 - បើឃុំ ប៉ុណ្ណាដែត ធ្វើម្លឹងៗ អ្នកណា ក៏គិតថាយក់ ថិតរដ្ឋា ជានារីមានសំណាងបំផុតដែរ!
August 25, 2017 - ម៉ៃ សុគន្ធ​ សម្ដែង​ការ​សោកស្ដាយ​ខ្លាំង ដែល​អ្នកសិល្បៈ​បោះឆ្នោត​ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើ​ជា​ប្រធាន​ «សមាគម​​សិល្បករខ្មែរ»
សង្រ្គាម​រវាង​អ៊ីស្រាអែល​និង​ប្រទេស​អារ៉ាប់

សង្រ្គាម​រវាង​អ៊ីស្រាអែល​និង​ប្រទេស​អារ៉ាប់

នៅ​ក្រោយ​ការ​បង្កើត​រដ្ឋអ៊ីស្រាអែល នៅ​ឆ្នាំ​១៩៤៨ សង្រ្គាម​បាន​កើតមាន​ឡើង​ជាច្រើន​លើក​​ ​រវាង​អ៊ីស្រាអែល និង​បណ្តា​ប្រទេស​អារ៉ាប់​ ដែល​ប្រឆាំង​នឹង​​ការ​បែងចែក​ទឹកដី​ប៉ាឡេស្ទីន​ជា​ពីរ​រដ្ឋ គឺ​រដ្ឋ​អ៊ីស្រាអែល សម្រាប់​ពួកជ្វីហ្វ និង​រដ្ឋ​ប៉ាឡេស្ទីន សម្រាប់​ពួក​អារ៉ាប់ ទៅតាម​សេចក្តីសម្រេច​របស់​អ.ស.ប។

សង្រ្គាម​លើកទី១ ដែល​អ៊ីស្រាអែល​ហៅថា​ “សង្រ្គាម​ឯករាជ្យ” បាន​កើតមាន​ឡើង​នៅ​​ឆ្នាំ​១៩៤៨ មួយថ្ងៃ​ក្រោយពី​អ៊ីស្រាអែល​ប្រកាស​បង្កើត​រដ្ឋ​ឯករាជ្យ ដោយ​នៅ​ពេលនោះ កងទ័ព​អារ៉ាប់​មក​ពី​ប្រទេស​អេហ្ស៊ីប ហ្សកដានី លីបង់ ស៊ីរី និង​អ៊ីរ៉ាក់ ព្រមទាំង​កងកម្លាំង​ប្រដាប់អាវុធ​របស់​ប៉ាឡេស្ទីន បាន​រួមដៃគ្នា​បើក​ការ​វាយប្រហារ​ទៅលើ​អ៊ីស្រាអែល។ នៅ​ក្នុង​សង្រ្គាម​នេះ អ៊ីស្រាអែល​ថ្វីដ្បិត​តែ​មាន​តែ​ម្នាក់ឯង ក៏ប៉ុន្តែ មាន​កម្លាំង​ទ័ព​ខ្លាំង​ជាង​ប្រទេស​អារ៉ាប់ ហើយ​ក្រោយ​ពី​បាន​វាយប្រយុទ្ធគ្នា​អស់រយៈពេល​ជាង ៩ខែ បណ្តា​ប្រទេស​អារ៉ាប់​ក៏​សុខចិត្ត​ចុះចាញ់ ហើយ​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​សង្រ្គាម នៅ​ឆ្នាំ​១៩៤៩។ កិច្ចព្រមព្រៀង​នេះ​បាន​កំណត់​នូវ​ព្រំដែន​បណ្តោះអាសន្ន​មួយ ដែល​ក្រោយ​មក​ត្រូវ​បាន​អ.ស.ប​ទទួលស្គាល់​​ជា​ព្រំដែន​ស្របច្បាប់​របស់​រដ្ឋ​អ៊ីស្រាអែល។ ខ្សែបន្ទាត់​ព្រំដែន​នេះ ដែល​គេ​តែងតែ​ហៅ​ថា “បន្ទាត់​បៃតង” (Green Line/Ligne verte) បាន​កាត់​យក​ទឹកដី​ជាច្រើន ដែល​កាល​ពីមុន​ត្រូវ​បាន​អ.ស.ប​បែងចែក​ទុក​ធ្វើ​ជា​ទឹកដី​រដ្ឋ​ប៉ាឡេស្ទីន។

ជាលទ្ធផល បណ្តា​ប្រទេស​អារ៉ាប់​មិន​ត្រឹមតែ​មិន​អាច​​កម្ចាត់​អ៊ីស្រាអែល​ចេញ​ពី​តំបន់​ដើមបូព៌ា​ដូច​ក្តីបំណង​នោះទេ តែ​ថែមទាំង​ត្រូវ​អ៊ីស្រាអែល​វាយបំបាក់​ឲ្យ​បរាជ័យ ហើយ​ពង្រីក​ទឹកដី​បាន​កាន់តែ​ធំ​លើស​ពី​អ្វី​ដែល​បាន​កំណត់​នៅ​ក្នុង​សេចក្តីសម្រេច​របស់​អ.ស.ប កាល​ពី​ឆ្នាំ​១៩៤៧​ទៅទៀត។ សម្រាប់​ប៉ាឡេស្ទីនវិញ រដ្ឋ​ឯករាជ្យ​ក៏​មិន​អាច​បង្កើត​ឡើងបាន ដោយ​ទឹកដី​មួយ​ផ្នែក​ត្រូវ​​អ៊ីស្រាអែល​កាត់យក​ ចំណែក​ឯ​ទឹកដី​ដែល​នៅ​សេសសល់​ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ប្រទេស​អារ៉ាប់​គ្នាឯង គឺ​តំបន់​ហ្កាហ្សា​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អេហ្ស៊ីប ចំណែក​តំបន់ West Bank ឬ Cisjordanie ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ហ្សកដានី។ ប្រជាជន​ប៉ាឡេស្ទីន​​ជាង ៧០ម៉ឺននាក់ ដែល​រត់ភៀសខ្លួន​ក្នុង​អំឡុង​សង្រ្គាម ក៏​មិន​អាច​វិលត្រឡប់​ទៅ​ផ្ទះសម្បែងវិញ​បាន ដោយស្រុកភូមិ​របស់​ពួកគេ​ត្រូវ​ក្លាយ​ជា​ទឹកដី​អ៊ីស្រាអែល។ សិទ្ធិវិលត្រឡប់​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​នេះ​ហើយ​ ដែល​ជា​​បញ្ហា​ចម្រូងចម្រាស​ដ៏​ចម្បងមួយ​ នៅ​ក្នុង​ការចរចា​សន្តិភាព រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ឆ្នាំ​១៩៥៦ (៧ឆ្នាំ​ក្រោយ​ពី​សង្រ្គាម​ទី១​ត្រូវ​បញ្ចប់) សង្រ្គាម រវាង​អ៊ីស្រាអែល និង​ប្រទេស​អារ៉ាប់​បាន​ផ្ទុះឡើង​សាជាថ្មី​ម្តងទៀត គឺ​សង្រ្គាម​ទល់​នឹង​​អេហ្ស៊ីប ក៏ប៉ុន្តែ លើកនេះ គឺ​អ៊ីស្រាអែល ដែល​បាន​ចូល​ដៃ​​ជាមួយ​បារាំង និង​អង់គ្លេស​ ​ចូល​ឈ្លានពាន​​ទឹកដី​​អេហ្ស៊ីប នៅ​ក្នុង​វិបត្តិ​ព្រែកជីក​ស៊ុយអេ (Suez)។

នៅ​ក្នុង​សង្រ្គាម​នេះ បើ​និយាយ​ខាង​ផ្នែក​យោធា អ៊ីស្រាអែល អង់គ្លេស និង​បារាំង គឺ​ជា​អ្នក​ទទួល​ជោគជ័យ ដោយ​អាច​វាយ​ដណ្តើម​កាន់កាប់​ទីតាំង​សំខាន់ៗ​របស់​អេហ្ស៊ីប ជាពិសេស អ៊ីស្រាអែល​បាន​វាយដណ្តើម​កាន់កាប់​តំបន់​ស៊ីណៃ។ ក៏ប៉ុន្តែ ខាង​ផ្នែក​នយោបាយ និង​ការទូតវិញ ប្រទេស​ទាំង ៣នេះ​ត្រូវ​ទទួលរង​នូវ​ការ​រិះគន់​​ពី​គ្រប់​ទិសទី។ សូម្បី​តែ​សហរដ្ឋ​អាមេរិក​ ដែល​ជា​សម្ព័ន្ធមិត្ត​ក៏​រិះគន់​សកម្មភាព​ឈ្លានពាន​ទៅលើ​អេហ្ស៊ីប​នេះ​ដែរ។ ចំណែក​បណ្តា​ប្រទេស​អារ៉ាប់ ដែល​កំពុងតែ​មិនចូល​ចិត្ត​អ៊ីស្រាអែល​ស្រាប់ ក៏​កាន់តែ​ស្អប់​អ៊ីស្រាអែល​ខ្លាំងឡើង​ថែម​ទៀត។

នៅ​​ខែ​ឧសភា ឆ្នាំ​១៩៦៧ នៅ​ក្នុង​ពេល​ដែល​ទំនាក់ទំនង រវាង​អ៊ីស្រាអែល និង​ប្រទេស​អារ៉ាប់​ជិតខាង​កំពុង​តែ​ស្ថិត​ក្នុង​សភាព​តានតឹង​ខ្លាំង​ស្រាប់ អេហ្ស៊ីប​បាន​ទទួល​ព័ត៌មាន​ខុស​ពី​ទីភ្នាក់ងារ​ចារកិច្ច​សូវៀត​ថា អ៊ីស្រាអែល​កំពុង​ប្រមូល​កម្លាំង​ទ័ព​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ នៅ​ក្បែរ​ព្រំដែន​ស៊ីរី។ អេហ្ស៊ីប ដែល​បាន​ចុះ​សន្ធិសញ្ញា​ការពារជាតិ​ជាមួយ​ស៊ីរី ក៏​បាន​ប្រមូល​កម្លាំង​ទ័ព​​ឲ្យ​ចូល​មក​ក្បែរ​ព្រំដែន​អ៊ីស្រាអែល​ ព្រមទាំង​បាន​បណ្តេញ​កងកម្លាំង​មួកខៀវ​របស់​អ.ស.ប​ឲ្យ​ចេញ​ពី​តំបន់​ស៊ីណៃ និង​ហ្កាហ្សា។

នៅថ្ងៃ​ទី៥ ខែ​មិថុនា សង្រ្គាម​ក៏​បាន​ផ្ទុះឡើង រវាង​ម្ខាង​​អ៊ីស្រាអែល និង​ម្ខាងទៀត អេហ្ស៊ីប ស៊ីរី និង​ហ្សកដានី។ សង្រ្គាម​អ៊ីស្រាអែល-អារ៉ាប់ លើកទី៣​​នេះ​មាន​រយៈពេល​តែ ៦ថ្ងៃ​ប៉ុណ្ណោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​ច្រើន​ហៅ​ថា “សង្រ្គាម៦ថ្ងៃ”។ ជាថ្មីម្តងទៀត គឺ​អ៊ីស្រាអែល​ជា​អ្នក​ទទួល​ជោគជ័យ ដោយ​បាន​វាយដណ្តើម​កាន់កាប់​ទឹកដី​ហ្កាហ្សា និង West Bank/Cisjordanie របស់​​​ប៉ាឡេស្ទីន តំបន់​ស៊ីណៃ​របស់​អេហ្ស៊ីប និង​តំបន់​ខ្ពង់រាប​ Golan របស់​ស៊ីរី។ និយាយ​ជារួម អ៊ីស្រាអែល​បាន​ពង្រីក​ទឹកដី​របស់​ខ្លួន​មួយ​ជាបី។ ក៏ប៉ុន្តែ ទឹកដី​ដែល​អ៊ីស្រាអែល​ទើប​នឹង​ដណ្តើម​កាន់កាប់​ថ្មី​នេះ មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​នោះទេ។

នៅថ្ងៃ​ទី២២ វិច្ឆិកា ១៩៦៧ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​បាន​ចេញ​សេចក្តីសម្រេច​មួយ (សេចក្តីសម្រេច​លេខ ២៤២) ​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ដក​ថយ​ចេញ​​ពី​ដែនដី​ ដែល​ខ្លួន​ទើប​នឹង​ដណ្តើម​កាន់កាប់​ ក្នុង​សង្រ្គាម ៦ថ្ងៃ ដោយ​វិល​ត្រឡប់​ទៅ​រក​បន្ទាត់​ព្រំដែន​ចាស់ (បន្ទាត់​បៃតង) ដែល​កំណត់​ដោយ​កិច្ចព្រមព្រៀង​កាល​ពី​ឆ្នាំ​១៩៤៩។ ជាថ្នូរមកវិញ ប្រទេស​អារ៉ាប់​ដែល​ជាប់​ជម្លោះ​​ត្រូវ​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​នឹង​អ៊ីស្រាអែល។

លើកលែង​តែ​ប្រទេស​ស៊ីរី​មួយ​ចេញ ប្រទេស​ជាប់ជម្លោះ​ទាំងអស់ ដោយ​រួម​ទាំង​អ៊ីស្រាអែល​ផង សុទ្ធតែ​សុខចិត្ត​ទទួល​យក​សេចក្តីសម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប។ ក៏ប៉ុន្តែ ការ​បកស្រាយ​ផ្សេងគ្នា​បាន​ធ្វើ​ឲ្យ​ការ​អនុវត្ត​សេចក្តីសម្រេច​នេះ​ត្រូវ​ជាប់គាំង ដោយ​​ប្រទេស​អារ៉ាប់​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ដកទ័ព​ចេញ​ពី​ទឹកដី​របស់​គេ​ជាមុន ទើប​សុខចិត្ត​បើក​ការចរចា​លើ​សន្ធិសញ្ញា​សន្តិភាព ចំណែក​​អ៊ីស្រាអែល​វិញ​​ទាមទារ​ឲ្យ​ប្រទេស​អារ៉ាប់​ទទួលស្គាល់រដ្ឋ​អ៊ីស្រាអែល និង​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជាមួយគ្នា​ជាមុន ទើប​សុខចិត្ត​ដក​ទ័ព។

នៅថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​១៩៧៣ នៅ​ក្នុង​ពេល​ដែល​​ការ​ចរចា​ត្រូវ​ជាប់គាំង អេហ្ស៊ីប និង​ស៊ីរី ក៏​បាន​បើក​ការ​វាយប្រហារ​​ទៅលើ​អ៊ីស្រាអែល ក្នុងគោលដៅ​ដណ្តើម​តំបន់​ស៊ីណៃ និង​ខ្ពង់រាប Golan ពី​អ៊ីស្រាអែល​មកវិញ។ សង្រ្គាម​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា “សង្រ្គាម​យ៉ុមគីពួរ” (Yom Kippour) ដោយសារ​តែ​វា​កើត​ឡើង នៅ​ចំថ្ងៃ​​យ៉ុមគីពួរ ដែល​ជា​ថ្ងៃ​បុណ្យ​សាសនា​ដ៏ធំ​របស់​ពួក​ជ្វីហ្វ។ សង្រ្គាម​យ៉ុមគីពួរ​នេះ ក៏​បាន​បង្ក​ឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​យ៉ាង​ខ្លាំង​ដែរ រវាង​សហរដ្ឋ​អាមេរិក ដែល​គាំទ្រ​អ៊ីស្រាអែល និង​សហភាព​សូវៀត ដែល​គាំទ្រ​អេហ្ស៊ីប។

ក្រោយ​ពី​មាន​ការ​ចរចា​សម្រុះសម្រូល​គ្នា ​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត ក៏​បាន​ព្រមព្រៀង​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ ចេញ​សេចក្តីសម្រេច​មួយ​បង្គាប់​ឲ្យ​អ៊ីស្រាអែល អេហ្ស៊ីប និង​ស៊ីរី ចុះ​កិច្ចព្រមព្រៀង​ឈប់បាញ់​ ដើម្បី​បញ្ចប់​សង្រ្គាម។ បទឈប់បាញ់ ដែល​ត្រូវ​ភាគី​ជម្លោះ​ទទួល​យក នៅថ្ងៃ​ទី២៥ ខែ​តុលា។

សង្រ្គាម​យ៉ុមគីពួរ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សង្រ្គាម​ទ្រង់ទ្រាយ​ធំ​លើក​ចុងក្រោយ រវាង​អ៊ីស្រាអែល និង​ប្រទេស​អារ៉ាប់។ ក៏ប៉ុន្តែ ក្រោយៗមក​ទៀត សង្រ្គាម​​ក្នុង​ទ្រង់ទ្រាយ​តូចៗ​​ផ្សេង​ទៀត​បាន​កើតមាន​ឡើង​ជា​ញឹកញាប់ រវាង​អ៊ីស្រាអែល និងលីបង់ ឬ​អ៊ីស្រាអែល និង​ក្រុម​ប្រដាប់អាវុធ​ប៉ាឡេស្ទីន។ ការងើបឡើង​បះបោរ​​របស់​ប្រជាជន​ប៉ាឡេស្ទីន ដែល​គេ​ហៅ​តាមភាសា​អារ៉ាប់​ថា “អ៊ីនទីហ្វាដា” ដើម្បី​ប្រឆាំង​នឹង​​អ៊ីស្រាអែល​ក៏​បាន​កើតឡើង​ចំនួន​ពីរលើក​ផងដែរ គឺ​លើកទី១ ពី​ឆ្នាំ​១៩៨៧ ដល់​ឆ្នាំ​១៩៩៣​ និង​លើក​ទី២ នៅ​ឆ្នាំ​២០០០ ដោយ​​អ៊ីនទីហ្វាដា​មួយលើកៗ​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់ពាន់​នាក់​ត្រូវ​បាត់បង់​ជីវិត ភាគច្រើន គឺ​ជនស៊ីវិល​ប៉ាឡេស្ទីន។

ជម្លោះ​​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន មិនមែន​ដូចកុនល្ខោន ដែល​មាន​ម្ខាង​ជា​តួ​ចិត្ត​ល្អ ហើយ​ម្ខាងទៀត​ជា​តួចិត្ត​អាក្រក់​នោះទេ ក៏ប៉ុន្តែ វា​ជា​សោកនាដកម្ម​មួយ ដែល​ភាគី​ម្ខាងៗ​សុទ្ធតែ​មាន​ហេតុផល​សមរម្យ​រៀងៗ​ខ្លួន។ ម្ខាងៗ​សុទ្ធតែ​ជា​ជនរងគ្រោះ​ផង និង​ជា​អ្នក​បង្ក​រឿងផង។ កាលពីដំបូង អ៊ីស្រាអែល​ទទួល​យក​នូវ​ដំណោះស្រាយ​របស់​អ.ស.ប ដែល​បែងចែក​ទឹកដី​ប៉ាឡេស្ទីន​ជា​រដ្ឋ​ឯករាជ្យ​ពីរ គឺ​រដ្ឋ​អ៊ីស្រាអែល និង​រដ្ឋ​ប៉ាឡេស្ទីន ក៏ប៉ុន្តែ គឺ​ភាគី​ប៉ាឡេស្ទីន និង​ប្រទេស​អារ៉ាប់​ដែល​មិន​ព្រម ដោយ​ចង់បាន​ទឹកដី​ប៉ាឡេស្ទីន​ទាំងមូល​សម្រាប់​តែ​ខ្លួនឯង ហើយ​នាំគ្នា​លើកទ័ព​មក​វាយប្រហារ​លើ​អ៊ីស្រាអែល។ បច្ចុប្បន្ន​នេះ ប៉ាឡេស្ទីន​​ចង់​បាន​ត្រឹមតែ​សុខសន្តិភាព និង​អាច​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ​ផ្ទាល់​ខ្លួន​នឹង​គេ ក៏ប៉ុន្តែ គឺ​អ៊ីស្រាអែល​វិញ​ម្តងដែល​ចេះតែ​យក​ជើងរាទឹក​​មិន​ឲ្យ​​រដ្ឋប៉ាឡេស្ទីន​នេះ​បង្កើត​ឡើងបាន។ ​អ៊ីស្រាអែល​​ចេះតែ​​បន្ត និង​ពង្រីក​អាណានិគម​ទៅលើ​ទឹកដី​របស់​ប៉ាឡេស្ទីន ដោយ​រំលោភ​ទៅលើ​ច្បាប់​អន្តរជាតិ និង​ផ្គើន​នឹង​ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ ធ្វើ​ឲ្យ​ជម្លោះ​ដ៏រ៉ាំរ៉ៃមួយ​នេះ​មិន​អាច​រក​ដំណោះស្រាយ​ចេញរួច។ នៅ​ទីចុង​បំផុត អ្នក​ដែល​រងទុក្ខ​វេទនា​ខ្លាំង​ជាងគេ គឺ​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន​ ដែល​រងគ្រោះ​ដោយ​អំពើ​ជិះជាន់​របស់​អ៊ីស្រាអែល ​រងគ្រោះ​ដោយ​​កត្តា​ភូមិសាស្រ្ត​នយោបាយ​និង​ការ​ប្រជែងគ្នា​ រវាង​មហាអំណាច​អ៊ីស្លាម​ស៊ុននីត និង​ស្ហ៊ីអ៊ីត​នៅ​ក្នុង​តំបន់ រងគ្រោះ​ដោយ​សារ​​នយោបាយ​របស់​មេដឹកនាំ​ប៉ាឡេស្ទីន​ខ្លួនឯងផ្ទាល់៕

Source: https://goo.gl/VjxiCu